[៣៧២] កាលដែលព្រះដ៏មានព្រះភាគ កំពុងសំដែងនូវវេយ្យាករណ៍នេះ ធម្មចក្ខុ (ភ្នែកឃើញធម៌) ដ៏ប្រាសចាកធូលី គឺរាគាទិក្កិលេស ប្រាសចាកមន្ទិល គឺទិដ្ឋិ និងវិចិកិច្ឆា បានកើតឡើងហើយ ដល់កោណ្ឌញ្ញភិក្ខុដ៏មានអាយុថា ធម្មជាតណាមួយ ដែលកើតឡើង ជាធម្មតា ធម្មជាតទាំងអស់នោះ ក៏រលត់ទៅវិញ ជាធម្មតា។ កាលបើធម្មចក្កដែលព្រះមានព្រះភាគ ឲ្យប្រព្រឹត្តទៅ (សំដែងដូចជាគេបង្វិលយ៉ាងនេះ) ហើយ ភុម្មទេវតាទាំងឡាយ ក៏បន្លឺនូវសូរសព្ទថា ធម្មចក្កនេះ មិនមានចក្កដទៃក្រៃលែងជាង ទោះបីសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ជនឯណានីមួយក្ដី ក្នុងលោក មិនអាចនឹងឲ្យប្រព្រឹត្តទៅបានឡើយ (ឥឡូវ) ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី។ ពួកទេវតា នៅក្នុងឋានចាតុម្មហារាជិកទាំងឡាយ ឮសំឡេងរបស់ភុម្មទេវតាទាំងឡាយហើយ ក៏បន្លឺនូវសំលេងថា ធម្មចក្កនុ៎ះ មិនមានចក្កដទៃក្រៃលែងជាង ទោះបីសមណៈក្ដី ព្រាហ្មណ៍ក្ដី ទេវតាក្ដី មារក្ដី ព្រហ្មក្ដី ជនឯណានីមួយក្ដី ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ (ឥឡូវ) ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី។ ពួកទេវតា នៅឋានតាវត្តិង្ស ឮសំឡេងរបស់ទេវតា នៅក្នុងឋានចាតុម្មហារាជិក។