កោដិគាមវគ្គ ទី៣
[៣៩៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកោដិគ្រាម ក្នុងដែនវជ្ជី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំង ឡាយ តថាគតក្ដី អ្នកទាំងឡាយក្ដី ដែលអន្ទោល ត្រាច់រង្គាត់ទៅ អស់កាលយូរអង្វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយសច្ច ៤។ អរិយសច្ច ៤ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ តថាគតក្ដី អ្នកទាំងឡាយក្ដី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលយូរអង្វែង យ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវទុក្ខអរិយសច្ច ទុក្ខសមុទយអរិយសច្ច។បេ។ ទុក្ខនិរោធអរិយសច្ច។ តថាគតក្ដី អ្នកទាំងឡាយក្ដី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលយូរអង្វែង យ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ ទុក្ខអរិយសច្ចនេះ តថាគតក្ដី អ្នកទាំងឡាយក្ដី បានត្រាស់ដឹងហើយ បានចាក់ធ្លុះហើយ ទុក្ខសមុទយអរិយសច្ច តថាគតក្ដី អ្នកទាំងឡាយក្ដី បានត្រាស់ដឹងហើយ បានចាក់ធ្លុះហើយ ទុក្ខនិរោធអរិយសច្ច តថាគតក្ដី អ្នកទាំងឡាយក្ដី បានត្រាស់ដឹងហើយ បានចាក់ធ្លុះ ហើយ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តថាគតក្ដី អ្នកទាំងឡាយក្ដី បានត្រាស់ដឹងហើយ បានចាក់ធ្លុះហើយ។