អាមកធញ្ញបេយ្យាលបឋមវគ្គ ទី៧
[៤៥៨] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់លើកនូវអាចម៍ដី មានប្រមាណតិចដាក់លើចុងព្រះនខា ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច អាចម៍ដីបន្តិច ដែលតថាគត លើកដាក់លើចុងក្រចក និងមហាប្រឹថពីនេះ របស់ទាំងពីរនោះ តើរបស់ណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន មហាប្រឹថពីនោះឯង ច្រើនជាង អាចម៍ដីបន្តិច ដែលព្រះមានព្រះភាគ លើកដាក់លើចុងព្រះនខា មានប្រមាណតិច អាចម៍ដីបន្តិច ដែលព្រះមានព្រះភាគ លើកដាក់លើចុងព្រះនខា មិនបានដល់ នូវការរាប់ផង មិនបានដល់ នូវការប្រៀបធៀបផង មិនបានដល់ នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងមហាប្រឹថពីបានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលកើតក្នុងកំណើតមនុស្សទាំងឡាយ មានប្រមាណតិច ឯពួកសត្វ ដែលកើតក្រៅអំពីកំណើតពួកមនុស្ស មានប្រមាណច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះពួកសត្វមិនឃើញ នូវអរិយសច្ច ៤។ អរិយសច្ច ៤ ដូចម្ដេចខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ក៏យ៉ាងនោះឯង។