ពួក​ភិក្ខុ​ឮ​ព្រាហ្មណ៍​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​(​ដូច្នោះ​)​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​ទាំងឡាយ​ឆាន់​ហើយ​ ​ហាម​ភត្ត​រួចហើយ​ ​មិន​គួរ​នឹង​ទៅ​ឆាន់​ក្នុង​ទី​ដទៃទៀត​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុ​ទាំងឡាយ​ឆាន់​ហើយ​ ​ហាម​ភត្ត​ហើយ​ ​រួច​ទៅ​ឆាន់​ក្នុង​ទី​ដទៃទៀត​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោឃបុរស​ទាំងនោះ​ ​ឆាន់​ហើយ​ ​ហាម​ភត្ត​រួចហើយ​ ​ហេតុអ្វី​ក៏​ទៅ​ឆាន់​ក្នុង​ទី​ដទៃទៀត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​តទៅទៀត​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ឆាន់​ហើយ​ ​ហាម​ភត្ត​ហើយ​ ​ទំពាស៊ី​ក្តី​ ​បរិភោគ​ក្តី​ ​នូវ​ខាទនីយ​ ​ឬ​ភោជនីយាហារ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​បញ្ញត្ត​ហើយ​ ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។
ថយ | ទំព័រទី ១១៩ | បន្ទាប់