សិក្ខាបទ​ទី៥​


 [​២១៦​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ធ្វើស​ត្ត​រស​វគ្គិ​យ​ភិក្ខុ​ឲ្យ​ខ្លាច​។​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ទាំងនោះ​ ​កាលបើ​គេ​ធ្វើឲ្យ​ខ្លាច​ ​ក៏​ស្រែកយំ​។​ ​ភិក្ខុ​ទាំងឡាយ​បាន​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ហេតុអ្វីបានជា​អ្នក​ទាំងឡាយ​ស្រែកយំ​។​ ​ពួក​សត្ត​រស​វគ្គិ​យ​ភិក្ខុ​ប្រាប់​ថា​ ​ម្នាល​អាវុសោ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងនេះ​ធ្វើ​យើង​រាល់គ្នា​ឲ្យ​ខ្លាច​។​ ​ពួក​ភិក្ខុ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិន​គួរ​នឹង​ធ្វើ​ភិក្ខុ​ផងគ្នា​ឲ្យ​ខ្លាច​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នករាល់គ្នា​ធ្វើ​ភិក្ខុ​ផងគ្នា​ឲ្យ​ខ្លាច​ ​ពិតមែន​ឬ​។​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​អ្នករាល់គ្នា​មិន​គួរ​នឹង​បន្លាច​ភិក្ខុ​ផងគ្នា​ទេ​ ​នែ​មោឃបុរស​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ក៏ទេដែរ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ធ្វើ​ភិក្ខុ​ផងគ្នា​ឲ្យ​ខ្លាច​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
ថយ | ទំព័រទី ២២១ | បន្ទាប់