អ្នកឯង​មាន​ទិដ្ឋិ​អាក្រក់​មាន​សភាព​យ៉ាងនេះ​កើតឡើង​(​ដូច្នេះ​)​ថា​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ ​គឺ​ធម៌​ទាំងឡាយ​ណា​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ថា​ ​ជា​ធម៌​ធ្វើ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​ទេ​ ​ពិតមែន​ឬ​។​ ​កណ្ឌ​កៈ​សមណុទ្ទេស​ឆ្លើយ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ខ្ញុំករុណា​ដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​យ៉ាងនេះ​ថា​ ​ធម៌​ទាំងឡាយ​ណា​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ថា​ ​ជា​ធម៌​ធ្វើ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​ ​ពិតមែន​។​ ​ភិក្ខុ​ទាំងឡាយ​និយាយ​ថា​ ​នែ​អាវុសោ​កណ្ឌ​កៈ​ ​អ្នក​កុំ​និយាយ​យ៉ាងនេះ​ឡើយ​ ​កុំ​ពោល​បង្កាច់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឡើយ​ ​ការ​ពោល​បង្កាច់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិនល្អ​ទេ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មិនបាន​ត្រាស់​ថា​យ៉ាងនេះ​ទេ​ ​នែ​អាវុសោ​កណ្ឌ​កៈ​ ​ធម៌​ទាំងឡាយ​ធ្វើ​សេចក្តី​អន្តរាយ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយដោយ​បរិយាយ​ជាច្រើន​ ​ធម៌​ទាំងឡាយ​នោះ​ ​អាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​មែន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​សេចក្តី​សុខ​តិច​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នេះ​មាន​ច្រើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​មាន​ឧបមា​ដោយ​រាង​ឆ្អឹង​។​បេ​។​ ​
ថយ | ទំព័រទី ២៩៤ | បន្ទាប់