ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះទំលាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើត ក្នុងអបាយ ទុគ្គតិ វិនិបាត នរក យ៉ាងនេះ ព្រោះអំពើដែលខ្លួនធ្វើផង មិនធ្វើផង។ បពិត្រព្រះគោតមដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលបណ្តាលឲ្យសត្វពួកខ្លះ ក្នុងលោកនេះ លុះទំលាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះទំលាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក យ៉ាងនេះ ព្រោះអំពើដែលខ្លួនធ្វើផង មិនធ្វើផង។ ព្រាហ្មណ៍ក្រាបបង្គំទូលថា ភាសិតរបស់ព្រះគោតមដ៏ចំរើននេះ សង្ខេបពេកណាស់ ខ្ញុំព្រះអង្គ មិនអាចនឹងដឹងសេចកី្ត ដោយពិស្តារបានទេ។ សូមព្រះគោតមដ៏ចំរើន ទ្រង់សំដែងធម៌ តាមទំនង ដែលខ្ញុំព្រះអង្គ គប្បីចូលចិត្ត នូវសេចក្តីនៃភាសិត ដែលព្រះគោតមដ៏ចំរើន ទ្រង់សំដែង ដោយសង្ខេបនេះ ដោយសេចកី្តពិស្តារឲ្យទាន។ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរស្តាប់ ចូរប្រុងចិត្តឲ្យស្រួលបួលចុះ តថាគតនឹងសំដែង។ ជានុស្សោណីព្រាហ្មណ៍ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។