ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ ធ្វើតែកាយទុច្ចរិត មិនធ្វើកាយសុចរិត ធ្វើតែវចីទុច្ចរិត មិនធ្វើវចីសុចរិត ធ្វើតែមនោទុច្ចរិត មិនធ្វើមនោសុចរិត ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះទំលាយរាងកាយ បន្ទាប់អំពីមរណៈ តែងទៅកើតក្នុងអបាយ ទុគតិ វិនិបាត នរក យ៉ាងនេះ ព្រោះអំពើដែលខ្លួនធ្វើផង មិនធ្វើផង ដូច្នេះ ម្នាលព្រាហ្មណ៍ ឯសត្វពួកខ្លះ ក្នុងលោកនេះ ធ្វើតែកាយសុចរិត មិនធ្វើកាយទុច្ចរិត ធ្វើតែវចីសុចរិត មិនធ្វើវចីទុច្ចរិត ធ្វើតែមនោសុចរិត មិនធ្វើមនោទុច្ចរិត ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះទំលាយ រាងកាយ បន្ទាប់អំពីមរណៈ តែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក យ៉ាងនេះ ព្រោះអំពើ ដែលខ្លួនធ្វើផង មិនធ្វើផង ដូច្នេះ។ ព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ពិរោះណាស់។ បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។