[២៨០] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអនាថបិណិ្ឌកគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទកិ្ខណេយ្យបុគ្គលក្នុងលោក មានប៉ុន្មានពួក មួយទៀត បុគ្គលគួរឲ្យទាន ក្នុងបុគ្គលដូចម្តេច។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតី ទក្ខិណេយ្យបុគ្គលក្នុងលោក មានពីរពួក គឺសេក្ខបុគ្គល ១ អសេក្ខបុគ្គល ១។ ម្នាលគហបតី ទក្ខិណេយ្យបុគ្គលក្នុងលោក មានពីរពួកនេះ មួយវិញទៀត បុគ្គលគួរឲ្យទាន ក្នុងបុគ្គលពួកនេះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ ដូច្នេះ លុះសុគតជាសាស្តា ទ្រង់មានព្រះតម្រាស់ ដូច្នេះហើយ ក៏ទ្រង់ពោលដូច្នេះ តទៅទៀតថា
សេក្ខបុគ្គលកី្ត អសេក្ខបុគ្គលកី្ត ជាបុគ្គលគួរទទួលទាន របស់អ្នកឲ្យទានក្នុងលោកនេះ បុគ្គលទាំងនោះ ជាអ្នកប្រតិបត្តិត្រង់ ដោយកាយ វាចា ឬចិត្ត ជាស្រែបុណ្យដ៏ប្រសើរ របស់អ្នកឲ្យទាន ឯទានដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលពួកនេះ ជាទានមានផលច្រើន។