ម្នាលភិក្ខុទាំងឡាយ ចុះបរិស័ទធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងអាមិសៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មិនសរសើរគុណទៅវិញទៅមក ចំពោះមុខពួកគ្រហស្ថ ដែលស្លៀកសថា ភិក្ខុឯណោះ ជាឧភតោភាគវិមុត្ត ភិក្ខុឯណោះ ជាបញ្ញាវិមុត្ត ភិក្ខុឯណោះ ជាកាយសក្ខី ភិក្ខុឯណោះ ជាទិដ្ឋិប្បត្ត ភិក្ខុឯណោះ ជាសទ្ធាវិមុត្ត ភិក្ខុឯណោះ ជាធម្មានុសារី ភិក្ខុឯណោះ ជាសទ្ធានុសារី ភិក្ខុឯណោះ ជាអ្នកមានសីល មានកល្យាណធម៌ ភិក្ខុឯណោះ ជាអ្នកទ្រុស្តសីល មានបាបធម៌ ដូច្នេះឡើយ ភិក្ខុទាំងនោះ រមែងបានលាភ ដោយមិនពោលសរសើរគ្នាទៅវិញទៅមក លុះភិក្ខុនោះ បានលាភនោះហើយ មិនជ្រប់ មិនស្រវឹង មិនលង់ចុះ (ក្នុងលាភនោះ) ឃើញទោស មានបញ្ញាសម្រាប់រើខ្លួន ក៏បរិភោគ (លាភនោះ) ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនោះ ហៅថា បរិស័ទធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងអាមិសៈឡើយ។ ម្នាលភិក្ខុទាំងឡាយ បរិស័ទ មាន ២ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបរិស័ទទាំង ២ ពួកនេះ បរិស័ទធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងអាមិសៈនុ៎ះ ទើបប្រសើរ។