​[​៣៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​នេះ​ ​មាន​ពីរ​យ៉ាង​។​ ​ធម៌​ពីរ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​ការ​ឈ្លាសវៃ​ ​ក្នុង​អាបត្តិ​(​១​)​ ​១​ ​ការ​ឈ្លាសវៃ​ ​ក្នុង​វិធី​ចេញ​ចាក​អាបត្តិ​(​២​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ ​មាន​ពីរ​យ៉ាងនេះ​ឯង​។​
​ចប់​ ​ធម្ម​វគ្គ​ ​ទី៤​។​
 ​[​៣៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជនពាល​ទាំងឡាយ​នេះ​ ​មាន​ពីរ​ពួក​។​ ​ជនពាល​ពីរ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​ជនពាល​តែង​ទទួលភារៈ​ ​ដែល​មិនទាន់​មកដល់​(​៣​)​ ​១​ ​ជនពាល​ ​តែង​មិន​ទទួលភារៈ​ ​ដែល​មកដល់​ហើយ​(​៤​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជនពាល​ទាំងឡាយ​ ​មាន​ពីរ​ពួក​នេះឯង​។​ ​
​(​១​)​ ​ស្គាល់​ច្បាស់លាស់​ ​នូវ​កង​អាបត្តិ​ ​ទាំង៥កង​ ​ឬ​ទាំង៧កង​។​ ​(​២​)​ ​ស្គាល់​ច្បាស់លាស់​ថា​ ​អាបត្តិ​នេះ​ ​បរិសុទ្ធ​ដោយ​ទេសនា​វិធី​ ​អាបត្តិ​នេះ​ ​បរិសុទ្ធ​ដោយ​កម្មវាចា​។​ ​(​អដ្ឋកថា​)​ ​(​៣​)​ ​បាន​ដល់​ភារៈ​ ​ទាំង១០​ ​គឺ​ ​បោស​រោង​ឧបោសថ១​ ​អុជ​ប្រទីប១​ ​ដំ​កល់​ទឹក​ឆាន់​ ​ទឹក​ប្រើប្រាស់១​ ​ក្រាល​អាសនៈ១​ ​នាំ​ឆន្ទៈ១​ ​នាំ​បារិសុទ្ធិ១​ ​ប្រាប់​រដូវ១​ ​រាប់​ចំនួន​ភិក្ខុ១​ ​ឲ្យ​ឱវាទ​ភិក្ខុនី១​ ​សំដែង​បាតិមោក្ខ១​ ​ជា​ភារៈ​របស់​ព្រះ​ថេរៈ​ ​ៗ​ ​មិនទាន់​បាន​អារាធនា​ ​ស្រាប់តែ​ភិក្ខុ​ថ្មី​ទៅ​ធ្វើ​ ​ហៅថា​ទទួលភារៈ​ ​ដែល​មិនទាន់​មកដល់​។​ ​(​៤​)​ ​បាន​ដល់​ភារៈ​ ​ទាំង១០​ ​របស់​ព្រះ​ថេរៈ​ ​ៗ​ ​មិន​ធ្វើខ្លួន​ឯង​ ​ឬមិន​បង្គាប់​អ្នកដទៃ​ឲ្យ​ធ្វើ​ ​ហៅថា​ ​មិន​ទទួលភារៈ​ ​ដែល​មកដល់​ហើយ​។​
ថយ | ទំព័រទី ១៨៨ | បន្ទាប់