[១១៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល៣ពួក ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយក្នុងលោកនេះ ព្រោះកន្លងបង់ នូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះរលត់ នូវបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុត ដូច្នេះ។ បុគ្គលនោះ ត្រេកអរនឹងឈាននោះ ប្រាថ្នានូវឈាននោះ ដល់នូវសេចក្ដីត្រេកអរនឹងឈាននោះ ស្ថិតនៅក្នុងឈាននោះ សម្រាកក្នុងឈាននោះ សម្រេចសម្រាន្តនៅដោយច្រើន ក្នុងឈាននោះ មិនសាបសូន្យ (ចាកឈាននោះ) កាលធ្វើមរណកាល ក៏ទៅកើតជាមួយនឹងពួកទេវតា ដែលកើតក្នុងជាន់អាកាសានញ្ចាយតនៈ។ ម្នាលភិក្ខុទាំងឡាយ ប្រមាណអាយុ របស់ពួកទេវតា ដែលកើតក្នុងជាន់អាកាសានញ្ចាយតនៈ កំណត់ពីរហ្មឺនកប្ប (២០០០០កប្ប)។ បុថុជ្ជន ដែលឋិតនៅក្នុងភពនោះ ដរាបដល់អស់អាយុ គឺកំណត់អស់អាយុទាំងអស់ ដែលជាប្រមាណអាយុ នៃទេវតាទាំងនោះ ហើយក៏ទៅកើតក្នុងនរកខ្លះ ទៅកើតក្នុងកំណើតតិរច្ឆានខ្លះ ទៅកើតក្នុងបិត្តិវិស័យខ្លះ។ ចំណែកខាងសាវក របស់ព្រះដ៏មានព្រះភាគ ដែលឋិតនៅក្នុងភពនោះ ដរាបដល់អស់អាយុ គឺថា កំណត់អស់អាយុ