[៣៤] ម្នាលភិក្ខុទាំងឡាយ វេលាថ្ងៃរសៀល សត្វសីហៈ ជាស្តេចម្រឹគ រមែងចេញអំពីដំណេក លុះចេញអំពីដំណេកហើយ ក៏មិតពត់ខ្លួន លុះមិតពត់ខ្លួនហើយ ក៏ក្រឡេកមៀងមើលទិសទាំង ៤ ជុំវិញ លុះក្រឡេក មៀងមើលទិសទាំង ៤ ជុំវិញរួច ក៏បន្លឺសីហនាទ ៣ ដង លុះបន្លឺសីហនាទ ៣ ដងហើយ ទើបដើរចេញទៅរកចំណី។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតិរច្ឆានណា ឮសំឡេងសត្វសីហៈ ជាស្តេចម្រឹគ កំពុងបន្លឺ ពួកសត្វតិរច្ឆាននោះ ក៏ភិតភ័យ សង្វេគ ញ័រចំប្រប់រាល់គ្នា ពួកសត្វនៅក្នុងរូង រមែងស្ទុះចូលទៅកាន់រូង ពួកសត្វអាស្រ័យនៅនឹងទឹក ក៏ស្ទុះទៅរកទឹក ពួកសត្វអាស្រ័យនៅក្នុងព្រៃ ក៏ចូលព្រៃ ពួកសត្វបក្សីហើរទៅឯអាកាស។ ម្នាលភិក្ខុទាំងឡាយ ពួកដំរីណា របស់ស្តេច ដែលគេចងដោយចំណងព្រ័ត្រដ៏មាំ ក្នុងស្រុក និគម និងរាជធានីទាំងឡាយ ក៏ពួកដំរីទាំងនោះ ស្ទុះផ្តាច់ចំណងទាំងអំបាលនោះហើយ ភិតភ័យរាកនោម រាកអាចម៍ បោលប្រាសទៅខាងណេះខ្លះ ខាងណោះខ្លះ។ ម្នាលភិក្ខុទាំងឡាយ សត្វសីហៈ ជាស្តេចនៃម្រឹគ មានឫទ្ធិច្រើនយ៉ាងនេះ មានយសសក្តិធំយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ជាងពួកសត្វតិរច្ឆាន មានឧបមាយ៉ាងណា។