ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគត ដឹងជាក់លាក់នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ យ៉ាងណាៗ ព្រះតថាគត ក៏ឆ្លើយដោះប្រស្នា ដែលពួកជនទាំងនោះសួរហើយ ដោយការដឹងជាក់លាក់ នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ យ៉ាងនោះៗ បាន។ ម្នាលភិក្ខុទាំងឡាយ បើជនទាំងឡាយដទៃ ចូលមករកព្រះតថាគត ហើយសួរប្រស្នា ត្រង់ការដឹងជាក់លាក់ នូវបុព្វេនិវាសានុស្សតិ ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគតដឹងជាក់លាក់ នូវបុព្វេនិវាសានុស្សតិ យ៉ាងណាៗ តថាគត ក៏ឆ្លើយដោះប្រស្នា ដែលពួកជនទាំងនោះ សួរហើយ តាមការដឹងជាក់លាក់ នូវបុព្វេនិវាសានុស្សតិ យ៉ាងនោះៗ បាន។ ម្នាលភិក្ខុទាំងឡាយ បើជនទាំងឡាយដទៃ ចូលមករកព្រះតថាគត ហើយសួរប្រស្នា ត្រង់ការដឹងជាក់លាក់ នូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគតដឹងជាក់លាក់ នូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ យ៉ាងណាៗ ព្រះតថាគត ក៏ឆ្លើយដោះប្រស្នា ដែលពួកជនទាំងនោះសួរហើយ ដោយការដឹងជាក់លាក់ នូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ យ៉ាងនោះៗ បាន។