ស្វិតស្វាញ ជាអ្នកជេរប្រទេច ឬបុរសដែលមានសទ្ធា ជាម្ចាស់នៃទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ (គប្បីទៅកើតក្នុងសុគតិសួគ៌ទេវលោក)។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា ដែលមិនមានសទ្ធា មានសេចក្តីកំណាញ់ស្វិតស្វាញ ជាអ្នកជេរប្រទេច បុរសនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ដូចម្តេចបាន។ បពិត្រព្រះអង្គដ៏ចំរើន បុរសណា ដែលមានសទ្ធា ជាម្ចាស់ទាន ជាអ្នកត្រេកអរ ក្នុងការឲ្យទានរឿយ ៗ បុរសនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ គប្បីទៅកើតក្នុងសុគតិសួគ៌ ទេវលោកបាន។ បពិត្រព្រះអង្គដ៏ចំរើន ផលនៃទាន ដែលបុគ្គលឃើញច្បាស់ដោយខ្លួនឯង ទាំង ៦ នេះ ព្រះដ៏មានព្រះភាគ សំដែងហើយ ខ្ញុំព្រះអង្គ មិនបានដល់នូវសេចក្តីជឿព្រះដ៏មានព្រះភាគ ក្នុងហេតុនុ៎ះទេ ខ្ញុំព្រះអង្គ ក៏បានដឹងច្បាស់ នូវផលនៃទានទាំងនុ៎ះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន ព្រះអរហន្តទាំងឡាយ កាលអនុគ្រោះ រមែងអនុគ្រោះនូវខ្ញុំព្រះអង្គមុន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន ព្រះអរហន្តទាំងឡាយ កាលចូលទៅរក រមែងចូលទៅរកខ្ញុំព្រះអង្គមុន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន ព្រះអរហន្តទាំងឡាយ កាលទទួលយកទាន រមែងទទួលយកទានរបស់ខ្ញុំព្រះអង្គមុន។