ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកងើបធ្ងោល ហើយឈរនៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយក្រឡេករមិលមើល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើងដោយសេចក្តីយល់ថា សេចក្តីជឿ ចំពោះកុសលធម៌ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុត ចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងកុសលធម៌ទាំងឡាយ ជាការល្អ។ បុគ្គលនោះ ជាសោតាបន្ន ព្រោះអស់សញ្ញោជនៈ ៣ យ៉ាង ជាអ្នកមានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិប្រព្រឹត្តទៅក្នុងខាងមុខ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយក្រឡេករមិលមើល យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយឆ្លងទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ដោយសេចក្តីយល់ថា សេចក្តីជឿ ចំពោះកុសលធម៌ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុតចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងកុសលធម៌ទាំងឡាយ ជាការល្អ។ បុគ្គលនោះ ជាសកទាគាមី ព្រោះអស់សញ្ញោជនៈ ទាំង ៣យ៉ាង ព្រោះរាគៈ ទោសៈ មោហៈ ក៏ស្រាលស្តើង