លុះចំរើននូវមេត្តចិត្ត អស់ ៧ ឆ្នាំហើយ មិនបានមកកាន់លោកនេះទៀតអស់ ៧ សំវដ្តវិវដ្តកប្ប ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលថា កាលលោកំពុងវិនាស គ្រូ ឈ្មោះសុនេត្តៈ ក៏បានទៅកើតក្នុងព្រហ្មលោកជាន់អាភស្សរៈ កាលលោកកំពុងចំរើន ក៏ចូលទៅកើតក្នុងសុញ្ញវិមាននៃព្រហ្ម។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលថា ក្នុងសុញ្ញវិមាននៃព្រហ្មនោះ មានព្រហ្មជាមហាព្រហ្ម គ្របសង្កត់នូវព្រហ្មឯទៀត ៗ បាន ព្រហ្មឯទៀត ៗ មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុដោយសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួង ឲ្យលុះនៅក្នុងអំណាចខ្លួន ម្នាលភិក្ខុទាំងឡាយ គ្រូឈ្មោះសុនេត្តៈ បាន ជាសក្កៈ ជាធំជាងទេវតាទាំងឡាយ ៣៦ លើក បានជាស្តេចចក្រពត្តិ ប្រកបដោយធម៌ ជាធម្មរាជា (ជាឥស្សរៈលើផែនដី) មានមហាសមុទ្រទាំង ៤ ជាទីបំផុត ព្រះអង្គជាស្តេចឈ្នះសង្រ្គាម ទ្រង់មានជនបទ ដល់នូវសេចក្តីមាំមួន ប្រកបដោយកែវ ៧ ប្រការ ព្រះរាជបុត្ររបស់ព្រះអង្គច្រើនជាងពាន់ សុទ្ធតែជាអ្នកក្លៀវក្លា មានសភាពជាអ្នកមានសេចក្តីព្យាយាម សង្កត់សង្កិននូវសេនារបស់ស្តេចដទៃ បានច្រើនរយលើក។ ព្រះអង្គទ្រង់ប្រាម ប្រាប គ្រប់គ្រងផែនដីដែលមានសាគរ ជាទីបំផុតដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្រ្តាវុធឡើយ។