ពួករាជបុត្រ អ្នកពុះពារ (ចូលទៅក្នុងសង្គ្រាម) ពួកទាហានអ្នកលុកចូល ពួកទាហានអ្នកអង់អាច ពួកទាហានអ្នកក្លៀវក្លា ដូចជាដំរីដ៏ប្រសើរ ពួកទាហានអ្នកទ្រទ្រង់នូវផែនក្តារ (សម្រាប់ការពារសរ) គឺខែល ពួកទាហានអ្នកពាក់អាវក្រោះ ពួកទាហានជាកូននៃជនជាទាសៈ។ នគរនៃស្តេច ជាទីបំផុតនៃដែន ដែលគេរៀបចំល្អហើយ ដោយនគរបរិក្ខារទី ៥ នេះ ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុតនៃដែន មានឆ្មាំទ្វារជាបណ្ឌិត អ្នកឈ្លាសវៃ មានបញ្ញា ឃាត់ពួកជនដែលមិនស្គាល់ បើកឲ្យពួក ជនដែលស្គាល់ចូលទៅ។ នគរនៃស្តេច ជាទីបំផុតនៃដែន ដែលគេរៀបចំល្អហើយ ដោយនគរបរិក្ខារ ទី ៦ នេះ ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុតនៃដែន មានកំពែងខ្ពស់ផង ក្រាស់ផង បរិបូណ៌ដោយគ្រឿងអប់ និងគ្រឿងលាបផង។ នគរនៃស្តេច ជាទីបំផុតនៃដែន ដែលគេរៀបចំល្អហើយ ដោយនគរបរិក្ខារទី ៧ នេះ ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ។ នគរដែលគេរៀបចំល្អហើយ ដោយនគរបរិក្ខារ ៧ យ៉ាងនេះ។