ដើម្បីនៅសប្បាយ ដល់ពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ។ ស្តេច រមែងបានតាមប្រាថ្នា បានមិនលំបាក បានដោយងាយនូវអាហារទាំង ៤ នេះ។ ម្នាលភិក្ខុទាំងឡាយ កាលណានគរនៃស្តេច ជាទីបំផុតនៃដែន ដែលរៀបចំល្អហើយ ដោយនគរបរិក្ខារទាំង ៧ យ៉ាង ទាំងស្តេច ក៏រមែងបានតាមប្រាថ្នា បានមិនលំបាក បានដោយងាយនូវអាហារទាំង ៤ យ៉ាង ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា នគរនៃស្តេច ជាទីបំផុតនៃដែន ដែលពួកបច្ចាមិត្តជាសត្រូវខាងក្រៅ មិនគប្បីធ្វើបាន (យ៉ាងណាមិញ) ម្នាលភិក្ខុទាំងឡាយ កាលណា អរិយសាវក ជាអ្នកប្រកបដោយព្រះសទ្ធម្ម ៧ យ៉ាង បានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវឈាន ទាំង ៤ ដែលប្រព្រឹត្តទៅក្នុងចិត្តដ៏ប្រសើរ មានការនៅជាសុខក្នុងបច្ចុប្បន្ន ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា អរិយសាវក ដែលមារមិនគប្បីធ្វើបាន ដែលមារមានចិត្តបាប មិនគប្បីធ្វើបាន យ៉ាងនោះដែរ។ អរិយសាវក ជាអ្នកប្រកបដោយព្រះសទ្ធម្ម ៧ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ នគរនៃស្តេច ជាទីបំផុតនៃដែន មានសសរគោល មានរណ្តៅដ៏ជ្រៅ ដែលគេដាំដោយល្អ មិនកម្រើក មិនរញ្ជួយ ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បីការពារពួកសត្រូវខាងក្រៅ យ៉ាងណាមិញ។