ចំរើននូវអំពើមិនមានទោស រមែងរក្សាខ្លួនឲ្យ បរិសុទ្ធ។ អរិយសាវក ជាអ្នកប្រកបដោយព្រះសទ្ធម្មទី ៤ នេះ។ ម្នាលភិក្ខុទាំងឡាយ នគរនៃស្តេច ជាទីបំផុតនៃដែន មានពួកពលដ៏ច្រើន តែងនៅអាស្រ័យគឺ ទ័ពជិះដំរី ទ័ពជិះសេះ ទ័ពបររថ ខ្មាន់ធ្នូ អ្នកកាន់ទង់ជ័យ (ដើរមុខ) អ្នកចាត់កង់ទ័ព អ្នកឲ្យនូវស្បៀង (ដល់ពួកទាហានក្នុងសង្គ្រាម) ពួករាជបុត្រ អ្នកពុះពារ (ចូលទៅក្នុងសង្រ្គាម) ពួកទាហាន អ្នកលុកចូលកាន់សង្រ្គាម ពួកទាហាន អ្នកអង់អាច ពួកទាហាន អ្នកក្លៀវក្លា ដូចជាដំរីដ៏ប្រសើរ ពួកទាហាន អ្នកទ្រង់នូវផែនក្តារ (សម្រាប់ការពារសរ) គឺខែល ពួកទាហាន ជាកូននៃជនជាទាសៈ ដើម្បីគ្រប់គ្រងពួកជនខាងក្នុង ដើម្បី ការពារពួកសត្រូវខាងក្រៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកប្រារព្ធសេចក្តីព្យាយាម ដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយ ដើម្បីចំរើននូវកុសលធម៌ទាំងឡាយ ជាអ្នកមានកំឡាំង មានសេចក្តីប្រឹងប្រែងដ៏មាំមួន មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ ក៏យ៉ាងនោះដែរ។ អរិយសសាវក មានសេចក្តីព្យាយាម ទុកជាពួកពល រមែងលះបង់នូវអកុសលធម៌ ចំរើននូវកុសលធម៌ លះបង់នូវអំពើមានទោស ចំរើននូវអំពើមិនមានទោស រមែងរក្សាខ្លួនឲ្យបរិសុទ្ធ។