បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ដឹងនូវបុគ្គលណាថា បុគ្គលនេះ គួរសង្គ្រោះដោយការឲ្យ ខ្ញុំព្រះអង្គក៏សង្គ្រោះបុគ្គលនោះ ដោយការឲ្យ ខ្ញុំព្រះអង្គដឹងនូវបុគ្គលណាថា បុគ្គលនេះ គួរសង្គ្រោះដោយសំដី ជាទីស្រឡាញ់ ខ្ញុំព្រះអង្គ ក៏សង្គ្រោះបុគ្គលនោះ ដោយសំដីជាទីស្រឡាញ់ ខ្ញុំព្រះអង្គដឹងនូវបុគ្គលណាថា បុគ្គលនេះ គួរសង្គ្រោះដោយការប្រព្រឹត្តិនូវប្រយោជន៍ ខ្ញុំព្រះអង្គ ក៏សង្គ្រោះបុគ្គលនោះ ដោយការប្រព្រឹត្តិនូវប្រយោជន៍ ខ្ញុំព្រះអង្គដឹងនូវបុគ្គលណាថា បុគ្គលនេះ គួរសង្គ្រោះដោយការតាំងខ្លួនឲ្យស្មើៗ ខ្ញុំព្រះអង្គក៏សង្គ្រោះបុគ្គលនោះ ដោយការតាំងខ្លួនឲ្យស្មើៗ។ បពិត្រព្រះអង្គដ៏ចំរើន ភោគសម្បត្តិក្នុងត្រកូលរបស់ខ្ញុំព្រះអង្គ មានច្រើន ពួកមហាជន រមែងមិនសំគាល់នូវពាក្យរបស់ជនអ្នកកំសត់ថាជាពាក្យគួរស្តាប់ ដូចជាពាក្យរបស់ខ្ញុំព្រះអង្គទេ។ ម្នាលហត្ថកៈ ប្រពៃហើយ ប្រពៃហើយ ម្នាលហត្ថកៈ នេះជាឧបាយរបស់អ្នក ដើម្បីសង្គ្រោះនូវបរិសទ្យច្រើន។ ម្នាលហត្ថកៈ ព្រោះថា ពួកជនណាមួយ បានសង្គ្រោះបរិសទ្យច្រើន ក្នុងកាលកន្លងទៅហើយ ជនទាំងអស់នោះ បានសង្គ្រោះនូវបរិសទ្យច្រើន ដោយសង្គហវត្ថុទាំង ៤ នេះឯង។
