នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្តកន្លង ដរាបអស់ជីវិត ១។ ភិក្ខុនីមិនត្រូវជេរ មិនត្រូវប្រទេចភិក្ខុ ដោយបរិយាយណាមួយឡើយ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្តកន្លង ដរាបអស់ជីវិត ១។ តាំងពីថ្ងៃដែលបានឧបសម្បទានេះទៅ ភិក្ខុនីត្រូវតែស្ដាប់បង្គាប់ភិក្ខុ ឯភិក្ខុមិនត្រូវស្ដាប់បង្គាប់ភិក្ខុនីវិញឡើយ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្តកន្លង ដរាបអស់ជីវិត ១។ ម្នាលអានន្ទ បើព្រះនាងមហាបជាបតិគោតមី ទទួលប្រព្រឹត្តតាមគរុធម៌ទាំង ៨ នេះបាន ឧបសម្បទានោះ ចូរសម្រេចដល់ព្រះនាងចុះ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានរៀនគរុធម៌ ៨ ប្រការ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ (ចាំស្ទាត់ហើយ) ក៏ចូលទៅរកព្រះនាងមហាបជាបតិគោតមី លុះចូលទៅដល់ហើយ ក៏ពោលទៅនឹងព្រះនាងមហាបជាបតិគោតមីដូច្នេះថា បពិត្រព្រះនាងគោតមី បើព្រះនាងទទួលប្រតិបត្តិតាមគរុធម៌ ៨ ប្រការបាន ឧបសម្បទានោះ នឹងសម្រេចដល់ព្រះនាង។