ម្នាលព្រាហ្មណ៍ ចុះសមជីវិតា តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ កុលបុត្រក្នុងលោកនេះ ដឹងច្បាស់នូវការចំរើននៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាស របស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចជនអ្នកថ្លឹងជញ្ជីងក្ដី កូនសិស្សនៃជនអ្នកថ្លឹងជញ្ជីងក្ដី លើកនូវជញ្ជីងថ្លឹង ហើយក៏ដឹងថា ទន់ទៅខាងម្ខាង បះឡើងខាងម្ខាងផង យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ កុលបុត្រអ្នកដឹងច្បាស់នូវការចំរើន នៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចំរើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាសរបស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចំរើនបានឡើយ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ ប្រសិនបើកុលបុត្រនេះ មានសេចក្ដីចំរើនតិច តែចិញ្ចឹមជីវិត ច្រើនលើសលុប អ្នកផងទាំងឡាយ តែងនិយាយដល់កុលបុត្រនោះថា កុលបុត្រនេះ បរិភោគនូវភោគៈទាំងឡាយ ដូចជាគេស៊ីផ្លែល្វា។ ម្នាលព្រាហ្មណ៍ ប្រសិនបើកុលបុត្រនេះ មានសេចក្ដីចំរើនធំ