ព្រះដ៏មានព្រះភាគអង្គនោះ ជាក់ជាព្រះអរហន្តសម្មាសម្ពុទ្ធប្រាកដ បានជាពួកលិច្ឆវិជនច្រើននាក់ ដែលមានកេរ្តិឈ្មោះល្បីល្បាញទាំងនេះ អង្គុយប្រជុំគា្នក្នុងសណ្ឋាគារសាលា ពោលសរសើរគុណព្រះពុទ្ធ សរសើរគុណព្រះធម៌ សរសើរគុណព្រះសង្ឃ ដោយអនេកបរិយាយ ក៏ឯនិគ្រន្ថទាំងឡាយនេះ ទោះបីអញលាក្ដី មិនលាក្ដី នឹងហ៊ានធ្វើអ្វី បើដូច្នោះ អញមិនបាច់លានិគន្ថនាដបុត្រទេ នឹងចូលទៅដើម្បីជួបព្រះដ៏មានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធនោះតែម្ដង។ លំដាប់នោះ សីហសេនាបតីចេញទៅអំពីក្រុងវេសាលីពេលជ្រេពីត្រង់ ដោយរថចំនួនប្រាំរយ ដើម្បីជួបព្រះដ៏មានព្រះភាគ ទី (ទៅ) ដោយយានបានត្រឹមណា ក៏ទៅដោយយានត្រឹមនោះ ហើយចុះអំពីយាន ដើរដោយជើង ចូលទៅកាន់អារាម។ លំដាប់នោះ សីហសេនាបតី ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះសីហសេនាបតី អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮពាក្យនេះថា ព្រះសមណគោតម ជាអកិរិយវាទ តែងសំដែងធម៌ ដើម្បីឃាត់ថា កិច្ចការមិនត្រូវធ្វើ