ថា ថុល្លនន្ទាជាម្ចាស់មិនសមបើនឹងអធិដ្ឋានអកាលចីវរឲ្យជាកាលចីវរដូច្នេះ ហើយប្រើគ្នាឲ្យចែក (អកាលចីវរនោះ)សោះ។ ភិក្ខុនីទាំងឡាយបានឮឧបាសកទាំងនោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយឯណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបើនឹងអធិដ្ឋានអកាលចីវរឲ្យជាកាលចីវរ ហើយប្រើគ្នាឲ្យចែកសោះ។ ទើបភិក្ខុនីទាំងនោះប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនីអធិដ្ឋានអកាលចីវរឲ្យជាកាលចីវរ ហើយប្រើគ្នាឲ្យចែក ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងអធិដ្ឋានអកាលចីវរឲ្យជាកាលចីវរ ហើយប្រើគ្នាឲ្យចែកសោះ ម្នាលភិក្ខុទាំងឡាយ អំពើដែលថុល្លនន្ទាភិក្ខុនីធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ អធិដ្ឋានអកាលចីវរឲ្យជាកាលចីវរ ហើយប្រើគ្នាឲ្យចែក ភិក្ខុនីនោះ ត្រូវនិស្សគ្គិយបាចិត្តិយ។