ទៅកាន់ចំការហើយ មិនដឹងប្រមាណ ក៏ឲ្យគេនាំយកខ្ទឹមទៅជាច្រើន។ មនុស្សអ្នករក្សាចំការក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី មិនសមបើនឹងទៅកាន់ចំការហើយ មិនដឹងប្រមាណ ឲ្យគេនាំយកខ្ទឹមទៅច្រើនដល់ម្ល៉េះសោះ។ ភិក្ខុនីទាំងឡាយ បានឮអ្នករក្សាចំការពោលទោស តិះដៀល បន្តុះបង្អាប់(ដូច្នោះ)ហើយ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបើនឹងមិនដឹងប្រមាណ ឲ្យគេនាំយកខ្ទឹមមកច្រើនដល់ម្ល៉េះសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនីមិនដឹងប្រមាណ ឲ្យគេនាំយកខ្ទឹមច្រើន ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបើនឹងមិនដឹងប្រមាណ ឲ្យគេនាំយកខ្ទឹមមកច្រើនដល់ម្ល៉េះសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ នាំពួកជនដែលមិនទាន់ជ្រះថ្លា ឲ្យខានជ្រះថ្លាទៅផង នាំជនពួកខ្លះដែលជ្រះថ្លាស្រាប់ហើយ ឲ្យទាស់ចិត្តខូចគំនិតទៅវិញផងដោយពិត។