អន្ធការវគ្គ សិក្ខាបទទី៣
[១៩១] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានបុរសជាញាតិរបស់ភិក្ខុនីជាសិស្សរបស់ភទ្ទាកាបិលានីភិក្ខុនី បានចេញពីស្រុកក្រៅទៅក្រុងសាវត្ថី ដោយកិច្ចនីមួយ។ កាលនោះ ភិក្ខុនីនោះគិតថា ការស្ថិតនៅក្តី និយាយក្តី តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងទីឱកាសដ៏កំបាំង ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ (គិតដូច្នោះហើយ) ក៏ស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់មួយអន្លើដោយបុរសនោះឯងក្នុងទីវាល។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីមិនសមនឹងស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងទីវាលសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងទីវាល ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនសមនឹងស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងទីវាលទេ