នឹងភិក្ខុនីទាំងនោះថា បពិត្រលោកម្ចាស់ សូមលោកទាំងឡាយរង់ចាំសិន ទំរាំព្រាហ្មណ៍មក។ ពួកភិក្ខុនីគិតគ្នាថា នឹងបង្អង់ចាំព្រាហ្មណ៍មកសិនដែរ គិតដូច្នោះហើយ ក៏ក្រាលកម្រាលសម្រាប់ដេក រួចខ្លះអង្គុយ ខ្លះដេក។ ឯព្រាហ្មណ៍នោះមកក្នុងរាត្រី ហើយពោលពាក្យនេះនឹងព្រាហ្មណីនោះថា ស្រីទាំងនេះជាអ្វី។ នាងព្រាហ្មណីឆ្លើយថា បពិត្រអ្នកម្ចាស់ (ស្រីទាំងឡាយនេះជា) ភិក្ខុនី។ ព្រាហ្មណ៍ពោលថា អ្នកទាំងឡាយចូរទង់ទាញស្រីផ្កាមាសត្រងោលនេះចេញ ថាដូច្នោះហើយ ក៏ឲ្យគេទង់ទាញចេញពីផ្ទះទៅ។ ឯភិក្ខុនីទាំងនោះនាំគ្នាទៅកាន់ក្រុងសាវត្ថី ហើយប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី មិនសមនឹងចូលទៅកាន់ត្រកូលក្នុងវេលាវិកាល ហើយមិនបានប្រាប់ពួកជនជាម្ចាស់សិន ក៏ក្រាលឯងខ្លះ ឲ្យគេក្រាលខ្លះនូវកម្រាលសម្រាប់ដេក រួចអង្គុយខ្លះ ដេកខ្លះសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុនីចូលទៅរកត្រកូលទាំងឡាយក្នុងវេលាវិកាល ហើយមិនទាន់បានប្រាប់ពួកជនជាម្ចាស់សិន ក៏ក្រាលឯងខ្លះ ឲ្យគេក្រាលខ្លះនូវកម្រាលសម្រាប់ដេក ហើយអង្គុយខ្លះ ដេកខ្លះ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។