បពិត្រលោកម្ចាស់ បើយើងខ្ញុំទាំងឡាយអាច យើងខ្ញុំទាំងឡាយនឹងថ្វាយចីវរដល់ភិក្ខុនីសង្ឃ។ សម័យនោះឯង ភិក្ខុនីទាំងឡាយនៅចាំវស្សារួចហើយ ប្រាថ្នាដើម្បីនឹងចែកចីវរ ទើបប្រជុំគ្នា។ ថុល្លនន្ទាភិក្ខុនីបាននិយាយពាក្យនេះនឹងភិក្ខុនីទាំងនោះថា នែលោកម្ចាស់ទាំងឡាយ ពួកលោកម្ចាស់ចូរបង្អង់ចាំសិន (ដ្បិត) មានគេនឹងថ្វាយចីវរដល់ភិក្ខុនីសង្ឃ។ ភិក្ខុនីទាំងឡាយបាននិយាយពាក្យនេះនឹងថុល្លនន្ទាភិក្ខុនីថា នែលោកម្ចាស់ លោកចូរទៅ លោកចូរដឹងចីវរនោះចុះ។ ថុល្លនន្ទាភិក្ខុនីចូលទៅរកត្រកូលនោះ លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះនឹងមនុស្សទាំងឡាយនោះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយចូរឲ្យចីវរដល់ភិក្ខុនីសង្ឃចុះ។ មនុស្សទាំងឡាយនោះនិយាយថា បពិត្រលោកម្ចាស់ យើងខ្ញុំទាំងឡាយមិនអាចនឹងប្រគេនចីវរដល់ភិក្ខុនីសង្ឃទេ។ ថុល្លនន្ទាភិក្ខុនីប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងញុំាងសម័យនៃចីវរកាលឲ្យកន្លងហួសទៅដោយសេចក្តីប្រាថ្នាចីវរដ៏ទុព្វលសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ