ក្លៀវក្លា ជាអ្នកប្រសប់ធ្វើធម្មីកថា។ សូម្បីភទ្ទាកាបិលានី ក៏ជាពហុស្សូត ជាអ្នកប៉ិននិយាយ ជាអ្នកក្លៀវក្លា ជាអ្នកប្រសប់ធ្វើធម្មីកថាដែរ ហើយមហាជនគេសរសើរដោយច្រើនក្រៃពេក។ មនុស្សទាំងឡាយនិយាយថា ភទ្ទាកាបិលានីជាម្ចាស់ ជាពហុស្សូត ជាអ្នកប៉ិននិយាយ ជាអ្នកក្លៀវក្លា ជាអ្នកប្រសប់ធ្វើធម្មីកថា ជាអ្នកដែលគេសរសើរដោយច្រើន និយាយយ៉ាងនេះហើយ បាននាំគ្នាទៅរកភទ្ទាកាបិលានីភិក្ខុនីមុន ហើយទៅរកថុល្លនន្ទាភិក្ខុនីជាខាងក្រោយ។ ថុល្លនន្ទាភិក្ខុនីជាអ្នកមានសេចក្តីឫស្យាគ្របសង្កត់ ទើបនិយាយថា ភិក្ខុនីទាំងឡាយណាជាអ្នកស្គាល់ច្រើន ជាអ្នកសូមច្រើន បានឮថា ភិក្ខុនីទាំងឡាយនេះជាអ្នកប្រាថ្នាតិច ជាអ្នកសន្តោស ជាអ្នកស្ងាត់ ជាអ្នកមិនច្រឡូកច្រឡំ (និយាយយ៉ាងនេះហើយ) ក៏មានសេចក្តីខឹងអាក់អន់ចិត្ត ហើយទង់ទាញភទ្ទាកាបិលានីចេញចាកលំនៅទៅ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងឲ្យលំនៅដល់ភទ្ទាកាបិលានីជាម្ចាស់ ហើយត្រឡប់ខឹង អាក់អន់ចិត្ត ទង់ទាញចេញសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ឲ្យលំនៅដល់ភទ្ទាកាបិលានីភិក្ខុនី ហើយត្រឡប់ខឹង អាក់អន់ចិត្ត ទង់ទាញចេញ ពិតមែនឬ។