ដោយគហបតីខ្លះ ដោយកូនរបស់គហបតីខ្លះ។ ភិក្ខុនីនោះមិនលះវត្ថុនោះចេញទេ។ បើកម្មនោះមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីសូត្រសមនុភាសនកម្មចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះវត្ថុនោះចេញ។ នេះជាញត្តិ (គឺប្រកាសឲ្យសង្ឃដឹង)។ បពិត្រលោកម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុនីនេះមានឈ្មោះនេះ នៅច្រឡូកច្រឡំដោយគហបតីខ្លះ ដោយកូនគហបតីខ្លះ។ ភិក្ខុនីនោះមិនលះចោលវត្ថុនោះចេញទេ។ ឥឡូវនេះ សង្ឃសូត្រសមនុភាសនកម្មចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ។ ការសូត្រសមនុភាសនកម្ម ចំពោះភិក្ខុនីឈ្មោះនេះ ដើម្បីឲ្យលះបង់វត្ថុនោះចេញ គួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ គប្បីស្ងៀមនៅ មិនគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះ គប្បីពោលឡើង។ ខ្ញុំសូត្រសេចក្តីនេះអស់វារៈជាគំរប់ពីរដងផង។បេ។ ខ្ញុំសូត្រសេចក្តីនេះអស់វារៈជាគំរប់បីដងផង។បេ។ ភិក្ខុនីឈ្មោះនេះ សង្ឃបានសូត្រសមនុភាសនកម្មដើម្បីឲ្យលះបង់វត្ថុនោះចេញហើយ។ ការសូត្រសមនុភាសនកម្មនេះគួរដល់សង្ឃហើយ ហេតុនោះទើបសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។