ថុល្លនន្ទាភិក្ខុនីត្រឡប់មកកាន់លំនៅនោះវិញទៀត ហើយសួរភិក្ខុនីទាំងឡាយថា នែនាងម្ចាស់ទាំងឡាយ ពួកនាងបានជញ្ជូនរបស់យើងចេញខ្លះដែរឬទេ។ ពួកភិក្ខុនីទាំងនោះតបថា នែនាងម្ចាស់ ពួកយើងមិនបានជញ្ជូនចេញទេ។ ថុល្លនន្ទាភិក្ខុនីក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ កាលបើលំនៅត្រូវភ្លើងឆេះ មិនគួរបើនឹងមិនជញ្ជូនរបស់ចេញផងសោះ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបើនឹងមិនប្រគល់លំនៅ (ឲ្យគេថែរក្សាសិន) ហើយសិមចៀសចេញទៅកាន់ចារិកដូច្នេះសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ថុល្លនន្ទាភិក្ខុនីមិនប្រគល់លំនៅសិន ហើយចៀសចេញទៅកាន់ចារិក ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងមិនប្រគល់លំនៅសិន ហើយចៀសចេញទៅកាន់ចារិកទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើង