[៣២៩] សម័យនោះឯង ភិក្ខុទាំងឡាយនោះចៀសចេញទៅចាកអាវាសនោះហើយ។ ភិក្ខុនីទាំងឡាយមិនបានមកកាន់អារាមដោយគិតថា លោកម្ចាស់ទាំងឡាយចៀសចេញទៅហើយ។ គ្រានោះឯង ភិក្ខុទាំងឡាយនោះត្រឡប់មកអាវាសនោះវិញទៀត។ ភិក្ខុនីទាំងឡាយដឹងថា លោកម្ចាស់ទាំងឡាយមកដល់ហើយ ៗក៏ប្រាប់ រួចចូលទៅកាន់អារាមសំដៅទៅរកភិក្ខុទាំងឡាយនោះ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំភិក្ខុទាំងឡាយនោះ ហើយឈរនៅក្នុងទីគួរមួយ។ លុះភិក្ខុនីទាំងនោះឈរនៅក្នុងទីគួរមួយហើយ ភិក្ខុទាំងឡាយនោះ ក៏និយាយពាក្យនេះថា នែនាងទាំងឡាយ ហេតុអ្វី ក៏នាងទាំងឡាយមិនបោសអារាម មិនដំកល់ទុកនូវទឹកផឹក ទឹកប្រើសោះ។ ភិក្ខុនីទាំងឡាយនិយាយថា បពិត្រលោកម្ចាស់ទាំងឡាយ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តសិក្ខាបទហើយថា ភិក្ខុនីមិនបានប្រាប់ មិនត្រូវចូលទៅកាន់អារាមដូច្នេះ ហេតុនោះ (បានជា) យើងខ្ញុំទាំងឡាយ មិនបានមក។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនីប្រាប់ភិក្ខុដែលមាននៅ ហើយចូលទៅកាន់អារាមបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ