ពួកឆព្វគ្គិយាភិក្ខុនី និយាយថា នែលោកម្ចាស់ទាំងឡាយ ពួកយើងមិនបាច់ទៅដោយហេតុឱវាទទេ ព្រោះលោកម្ចាស់ឆព្វគ្គិយទាំងឡាយ តែងមកទូន្មានយើងក្នុងទីនេះឯង។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនសមបើនឹងមិនទៅកាន់ទីស្តាប់ឱវាទសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ឆព្វគ្គិយាភិក្ខុនី មិនទៅកាន់ទីស្តាប់ឱវាទ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏ទ្រង់ជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនសមបើនឹងមិនទៅកាន់ទីស្តាប់ឱវាទទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ មិនទៅដើម្បីឱវាទក្តី ដើម្បីនៅរួបរួមគ្នាក្តី ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣៥៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ គរុធម៌ទាំង៨ ឈ្មោះថាឱវាទ។
[៣៥៦] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ គរុធម៌ទាំង៨ ឈ្មោះថាឱវាទ។