ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ចណ្ឌកាលី កាលដែលសង្ឃឃាត់ថា នែនាងម្ចាស់ មិនគួរនាងឲ្យឧបសម្បទានៅឡើយទេ ដូច្នេះ ទទួលពាក្យថា សាធុហើយ មិនគួរនឹងពោលតិះដៀលជាខាងក្រោយសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ចណ្ឌកាលីភិក្ខុនី កាលដែលសង្ឃឃាត់ថា នែលោកម្ចាស់ មិនគួរនាងឲ្យឧបសម្បទានៅឡើយទេ ដូច្នេះ ទទួលពាក្យថា សាធុហើយ គ្រាក្រោយ ត្រឡប់តិះដៀលវិញ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ចណ្ឌកាលីភិក្ខុនី កាលដែលសង្ឃឃាត់ថា នែនាងម្ចាស់ មិនគួរនាងឲ្យឧបសម្បទានៅឡើយទេ ដូច្នេះ ទទួលពាក្យថា សាធុហើយ មិនគួរបើនឹងពោលតិះដៀលជាខាងក្រោយទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ កាលដែលសង្ឃនិយាយថា នែលោកម្ចាស់ មិនគួរលោកឲ្យឧបសម្បទានៅឡើយទេ ដូច្នេះ ទទួលពាក្យថា សាធុហើយ គ្រាក្រោយ ត្រឡប់តិះដៀលវិញ ត្រូវអាបត្តិបាចិត្តិយ។