ហើយបញ្ជូនពួកភិក្ខុជាថេរៈទៅវិញ ទើបឲ្យប្រជុំទេវទត្តភិក្ខុ កោកាលិកភិក្ខុ កដមោរកតិស្សកភិក្ខុ ខណ្ឌទេវីបុត្តភិក្ខុ និងសមុទ្ទទត្តភិក្ខុ ហើយក៏ឲ្យឧបសម្បទាសិក្ខមានា។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបើនឹងឲ្យឧបសម្បទាដល់សិក្ខមានា ដោយឲ្យឆន្ទៈ ឈ្មោះបារិវាសិក (គឺដែលបរិសទ្យបានឲ្យឆន្ទៈ ឈ្មោះបារិវាសិក(១)) សោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ថុល្លនន្ទាភិក្ខុនី ឲ្យឧបសម្បទា ដល់សិក្ខមានា ដោយឲ្យឆន្ទៈឈ្មោះបារិវាសិក ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបើនឹង ឲ្យឧបសម្បទា ដល់សិក្ខមានា ដោយឲ្យឆន្ទៈឈ្មោះបារិវាសិកទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។
(១) សង្ឃឲ្យឆន្ទៈដោយខានធ្វើសង្ឃកម្មក្នុងពេលដែលប្រជុំដម្បូង តែបម្រុងនឹងធ្វើសង្ឃកម្មក្នុងពេលក្រោយទៀត តែអដ្ឋកថា ថា ភិក្ខុទាំងឡាយប្រជុំគ្នាបម្រុងនឹងធ្វើសង្ឃកម្មអ្វីម្យ៉ាង មានភ្លៀងតាំងឡើងក្តី មានអាជ្ញាស្តេចមកបណ្តេញក្តី មានពួកមនុស្សមកគ្របសង្កត់ក្តី ពួកភិក្ខុក៏គិតគ្នាថា ថ្ងៃនេះគ្មានឱកាស យើងនាំគ្នាទៅទីដទៃចុះ ហើយមិនទាន់លះបង់ឆន្ទៈ ក៏ក្រោកចេញទៅ យ៉ាងនេះហៅថា បរិសបរិវាសិយ។ ឯយោជនា ថា បារិសសិយឆន្ទទាន គឺភិក្ខុនីឲ្យឧបសម្បទាដល់សិក្ខមានាដោយបរិសទ្យមិនគាប់ចិត្ត (គឺជំនុំសង្ឃមិនយល់ព្រម)។