ឲ្យឧបសម្បទាដល់ស្រីពីរនាក់ក្នុង១ឆ្នាំ។ កន្លែងជាទីនៅ ក៏មិនល្មមគ្រាន់ដូច្នេះទៀត។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នោះទៀតថា ភិក្ខុនីទាំងឡាយមិនសមបើនឹងឲ្យឧបសម្បទាដល់ស្រីពីរនាក់ក្នុង១ឆ្នាំសោះ (ព្រោះថា) លំនៅមិនគ្រាន់ដូច្នោះទៀត។ ភិក្ខុនីទាំងឡាយបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនគួរបើនឹងឲ្យឧបសម្បទាដល់ស្រីពីរនាក់ក្នុង១ឆ្នាំសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់ស្រីពីរនាក់ក្នុង១ឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី មិនសមបីនឹងឲ្យឧបសម្បទាដល់ស្រីពីររូបក្នុង១ឆ្នាំទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យឧបសម្បទាដល់ស្រីពីររូបក្នុង១ឆ្នាំ ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។