ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងងូតទឹកដោយគ្រឿងអប់ គ្រឿងលំអិត ដូចជាពួកស្រីគ្រហស្ថ ជាអ្នកបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនសមបើនឹងងូតទឹកដោយគ្រឿងអប់ គ្រឿងលំអិតសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ឆព្វគ្គិយាភិក្ខុនីងូតទឹកដោយគ្រឿងអប់ គ្រឿងលំអិត ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ឆព្វគ្គិយាភិក្ខុនីទាំងឡាយ មិនសមបើនឹងងូតទឹកដោយគ្រឿងអប់ គ្រឿងលំអិតទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ងូតទឹកដោយគ្រឿងអប់ គ្រឿងលំអិត ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ។