អនុញ្ញាតស្រីនោះឲ្យទាន។ ស្តេចមានព្រះរាជឱង្កាថា នែនាយ បើដូច្នោះ ចូរអ្នកពិនិត្យរក ហើយមកប្រាប់យើងចុះ។ ស្តេចលិច្ឆវីនោះទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គបានឃើញស្រីនោះបួសក្នុងសំណាក់ភិក្ខុនីទាំងឡាយហើយ។ ស្តេចមានព្រះឱង្កាថា នែនាយ បើស្រីនោះបួសក្នុងសំណាក់ភិក្ខុនីទាំងឡាយហើយ អ្នកធ្វើអ្វីតិចតួចដល់ភិក្ខុនីនោះមិនបានទេ ព្រោះថា ធម៌ គឺព្រះដ៏មានព្រះភាគសំដែងល្អហើយ ចូរភិក្ខុនីនោះប្រព្រឹត្តព្រហ្មចារ្យ ដើម្បីធ្វើនូវទីបំផុតទុក្ខដោយប្រពៃចុះ។ ទើបស្តេចលិច្ឆវីនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមនឹងបំបួសស្រីជាចោរនោះសោះ។ ភិក្ខុនីទាំងឡាយបានឮពាក្យស្តេចលិច្ឆវីនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយឯណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ថុល្លនន្ទា មិនសមបើនឹងបំបួសស្រីចោរសោះ។ ទើបភិក្ខុនីទាំងឡាយនោះ ប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនីបំបួសស្រីជាចោរ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនគួរបើនឹងបំបួសស្រីចោរទេ ម្នាលភិក្ខុទាំងឡាយ