អ្នកទូកម្នាក់ចម្លងភិក្ខុនី១រូប។ អ្នកទូកដែលឆ្លងរួចទៅហើយ ក៏ទ្រុស្ត(សេពសន្ថវ) នឹងភិក្ខុនីដែលឆ្លងរួចទៅហើយ។ អ្នកទូកដែលមិនទាន់ឆ្លង ក៏ទ្រុស្តនឹងភិក្ខុនីដែលមិនទាន់ឆ្លង។ ភិក្ខុនីទាំងពីរនោះមកប្រជុំគ្នាក្នុងពេលក្រោយ ហើយសួរគ្នាថា នែលោកម្ចាស់ អ្នកទូកមិនបៀតបៀនលោកទេឬ។ ភិក្ខុនីនោះនិយាយថា នែលោកម្ចាស់ ខ្ញុំអ្នកទូកវាបៀតបៀនទៅហើយ ចុះចំណែកខាងលោកម្ចាស់ អ្នកទូកវាមិនបៀតបៀនលោកទេឬ។ ភិក្ខុនីនោះ ក៏និយាយថា លោកម្ចាស់ ខ្ញុំអ្នកទូកបៀតបៀនហើយដែរ។ លំដាប់នោះ ភិក្ខុនីទាំងឡាយនោះទៅកាន់ក្រុងសាវត្ថី ហើយប្រាប់ដំណើរនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី មិនសមនឹងទៅកាន់ត្រើយស្ទឹងខាងនាយតែម្នាក់ឯងសោះ។ ទើបភិក្ខុនីទាំងឡាយនោះប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទៅកាន់ត្រើយស្ទឹងខាងនាយតែម្នាក់ឯង ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនគួរបើនឹងទៅកាន់ត្រើយស្ទឹងខាងនាយតែម្នាក់ឯងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ