បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ចណ្ឌកាលីភិក្ខុនី ដែលភិក្ខុនីសង្ឃឲ្យចាញ់ព្រោះអធិករណ៍នីមួយហើយ មិនគួរបើនឹងខឹងអាក់អន់ចិត្ត ហើយពោលយ៉ាងនេះថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង។បេ។ ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផងដូច្នេះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ដែលភិក្ខុនីសង្ឃធ្វើឲ្យចាញ់ព្រោះអធិករណ៍នីមួយ ហើយខឹងអាក់អន់ចិត្ត ពោលយ៉ាងនេះថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង។បេ។ ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផង។ ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយនិយាយយ៉ាងនេះថា នែលោកម្ចាស់ លោក ដែលភិក្ខុនីសង្ឃឲ្យចាញ់ព្រោះអធិករណ៍នីមួយ ហើយខឹងអាក់អន់ចិត្ត កុំនិយាយយ៉ាងនេះថា ភិក្ខុនីទាំងឡាយលុះដោយសេចក្តីស្រឡាញ់ផង។បេ។ ភិក្ខុនីទាំងឡាយលុះដោយសេចក្តីខ្លាចផងដូច្នេះ ថា លោកម្ចាស់ហ្នឹងឯង លុះដោយសេចក្តីស្រឡាញ់ខ្លះ លុះដោយសេចក្តីស្អប់ខ្លះ លុះដោយសេចក្តីល្ងង់ខ្លះ លុះដោយសេចក្តីខ្លាចខ្លះ។ ភិក្ខុនីនោះ កាលដែលភិក្ខុនីទាំងឡាយពោលយ៉ាងនេះ នៅប្រកាន់យ៉ាងនោះដដែល