និស្សគ្គិយកណ្ឌ
បពិត្រលោកម្ចាស់ទាំងឡាយ អាបត្តិទាំងឡាយឈ្មោះនិស្សគ្គិយបាចិត្តិយមានចំនួន៣០នេះឯង តែងមកកាន់ឧទ្ទេស។
បត្តវគ្គ សិក្ខាបទទី១
[៩៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយមានពួក៦ ធ្វើនូវសេចក្តីសន្សំបាត្រជាច្រើន។ មនុស្សទាំងឡាយដើរទៅកាន់ចារិកវិហារ បានឃើញហើយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វីក៏ភិក្ខុនីទាំងឡាយធ្វើនូវសេចក្តីសន្សំបាត្រទុកច្រើនម្ល៉េះ ឬភិក្ខុនីទាំងឡាយនឹងធ្វើជំនួញបាត្រ ឬនឹងដាក់រានផ្សារលក់ភាជនៈដី។ ភិក្ខុនីទាំងឡាយបានឮមនុស្សទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមានពួក៦ មិនសមបើនឹងធ្វើសេចក្តីសន្សំបាត្រទុកសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទាំងឡាយមានពួក៦