កំពុងពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមិនសមបើនឹងឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ ជារបស់គណៈ និងដោយរបស់ដែលសូមដោយខ្លួនឯងសោះ។បេ។ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទាំងឡាយឲ្យគេទិញរបស់ដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ ជារបស់គណៈ និងដោយវត្ថុដែលសូមដោយខ្លួនឯង ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយមិនគួរបើនឹងឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ ជារបស់គណៈ និងដោយវត្ថុដែលសូមដោយខ្លួនឯងសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ ឲ្យគេទិញវត្ថុដទៃ ដោយបរិក្ខារដែលគេឲ្យដើម្បីប្រយោជន៍វត្ថុដទៃ គេឲ្យចំពោះវត្ថុដទៃ ជារបស់គណៈ និងដោយវត្ថុដែលសូមដោយខ្លួនឯង ភិក្ខុនីនោះ ត្រូវនិស្សគ្គិយបាចិត្តិយ។