លសុណវគ្គ សិក្ខាបទទី៥
[១៦៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ ព្រះអង្គគង់នៅនិគ្រោធារាម ទៀបក្រុងកបិលពស្តុ ក្នុងដែនសក្កៈ។ គ្រានោះ ព្រះនាងមហាបជាបតិគោតមី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយស្ថិតនៅក្នុងទីក្រោមខ្យល់ (រួចក៏ក្រាបទូលថា) បពិត្រព្រះដ៏មានព្រះភាគ មាតុគ្រាមមានក្លិនអាក្រក់។ ទើបព្រះដ៏មានព្រះភាគទ្រង់មានពុទ្ធដីកាថា ពួកភិក្ខុនីចូរធ្វើនូវការជម្រះដោយទឹកចុះ ហើយទ្រង់ញុំាងព្រះមហាបជាបតិគោតមីឲ្យយល់តាម ឲ្យប្រតិបត្តិតាម ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា។ លំដាប់នោះ ព្រះនាងមហាបជាបតិគោតមី កាលព្រះដ៏មានព្រះភាគទ្រង់ពន្យល់ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា រួចហើយក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហើយទ្រង់ហៅភិក្ខុទាំងឡាយក្នុងពេលនោះមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវការជម្រះដោយទឹកដល់ពួកភិក្ខុនី។