លសុណវគ្គ សិក្ខាបទទី៨
[១៧៥] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានព្រាហ្មណ៍ម្នាក់ ជារាជអាមាត្យដែលស្តេចដកងារចេញហើយ ក៏គិតថា អញនឹងសូមងារនោះវិញ គិតដូច្នោះហើយ ក៏កក់ក្បាល ហើយទៅអាស្រ័យនៅក្នុងសំណាក់ភិក្ខុនី រួចទើបដើរទៅកាន់ត្រកូលស្តេច។ មានភិក្ខុនី១អង្គ កាលបន្ទោបង់វច្ចៈក្នុងផើង ហើយទម្លាក់ទៅខាងក្រៅជញ្ជាំង ក៏ត្រូវទៅលើក្បាលព្រាហ្មណ៍នោះ។ ទើបព្រាហ្មណ៍នោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនីត្រងោលទាំងនេះមិនមែនជាសមណី ជាស្រីផ្កាមាស មិនសមនឹងទម្លាក់ផើងគូថមកលើក្បាលអញសោះ ហើយព្រាហ្មណ៍នោះក៏កាន់គប់ភ្លើងដើរចូលទៅកាន់លំនៅរបស់ភិក្ខុនីដោយគិតថា អញនឹងដុតលំនៅពួកភិក្ខុនីទាំងនេះចេញ។ មានឧបាសកម្នាក់កំពុងដើរចេញពីលំនៅរបស់ភិក្ខុនី បានឃើញព្រាហ្មណ៍នោះកាន់គប់ភ្លើងដើរចូលទៅកាន់លំនៅរបស់ភិក្ខុនី លុះបានឃើញហើយ ក៏បាននិយាយពាក្យនេះនឹងព្រាហ្មណ៍នោះថា ម្នាលអ្នកដ៏ចំរើន អ្នកកាន់គប់ភ្លើងដើរចូលទៅកាន់