ក្នុងក្រុងរាជគ្រឹះមានមហោស្រពលើកំពូលភ្នំ ភិក្ខុនីទាំងឡាយមានពួក៦ បានទៅមើលមហោស្រពដែលគេលេងលើកំពូលភ្នំ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនីមិនសមនឹងទៅមើលរបាំក្តី ចម្រៀងក្តី ប្រគំក្តី ដូចជាពួកស្រីគ្រហស្ថបរិភោគកាមគុណសោះ។ ពួកភិក្ខុនីបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់(ដូច្នោះ)ហើយ។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយមានពួក៦មិនសមនឹងទៅមើលរបាំក្តី ចម្រៀងក្តី ប្រគំក្តីសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីទាំងឡាយមានពួក៦ ទៅមើលរបាំខ្លះ ចម្រៀងខ្លះ ប្រគំខ្លះ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយមានពួក៦ មិនសមនឹងទៅមើលរបាំក្តី ចម្រៀងក្តី ប្រគំក្តីទេ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយទៅដើម្បីមើលរបាំក្តី ចម្រៀងក្តី ប្រគំក្តី ត្រូវអាបត្តិបាចិត្តិយ។