នគ្គវគ្គ សិក្ខាបទទី១
[២២០] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួកភិក្ខុនីច្រើនរូប មានកាយអាក្រាតងូតទឹកឰដ៏កំពង់ទឹកមួយ ជាមួយនឹងពួកស្រីពេស្យាក្នុងស្ទឹងអចិរវតី។ ពួកស្រីពេស្យានាំគ្នាចំអកលេងនឹងភិក្ខុនីទាំងនោះថា នែលោកម្ចាស់ទាំងឡាយ ពួកលោកកំពុងពេញក្រមុំ ខំសន្សំព្រហ្មចរិយធម៌ប្រយោជន៍អ្វី ពួកលោកគួរតែនៅបរិភោគកាមទៅសិន កាលណាលោកទាំងឡាយចាស់ សឹមពួកលោកប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងកាលណោះចុះ កាលបើធ្វើយ៉ាងនេះ ប្រយោជន៍ទាំងពីរឈ្មោះថា ពួកលោកបានកាន់យកហើយ។ ភិក្ខុនីទាំងឡាយ កាលដែលពួកស្រីពេស្យានិយាយចំអក(ដូច្នោះ) ក៏មានសេចក្តីអៀនខ្មាស។ គ្រានោះ ភិក្ខុនីទាំងនោះនាំគ្នាទៅកាន់លំនៅ ហើយប្រាប់ដំណើរនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្ត