មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរ។ ភិក្ខុនីនោះក៏ប្រាប់សេចក្តីនុ៎ះដល់ពួកភិក្ខុនីផងគ្នា។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងឲ្យភិក្ខុនីផងគ្នារុសចីវរចេញ ហើយក៏មិនដេរខ្លួនឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរវិញសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី ឲ្យភិក្ខុនីផងគ្នារុសចីវរចេញ ហើយមិនដេរខ្លួនឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនី មិនសមបីនឹងឲ្យភិក្ខុនីផងគ្នារុសចីវរចេញ ហើយមិនដេរខ្លួនឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយ រុសឯងក្តី ឲ្យគេរុសក្តី នូវចីវររបស់ភិក្ខុនីផងគ្នា ភិក្ខុនីនោះមិនមានសេចក្តីអន្តរាយក្នុងកាលជាខាងក្រោយទេ ហើយមិនដេរឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេដេរ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែ (ដំកល់ទុក) ត្រឹម៤-៥ថ្ងៃ។