ស្ថិតនៅ​ក្នុង​សីមា​ស្មើគ្នា​ ​ឈ្មោះថា​ ​ព្រមព្រៀង​គ្នា​។​ ​ភិក្ខុ​ដែល​ឈ្មោះថា​ ​សង្ឃ​លើក​វត្ត​ហើយ​ ​គឺ​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​ក្តី​ ​ព្រោះ​មិន​ធ្វើ​តប​អាបត្តិ​ក្តី​(​១​)​ ​ព្រោះ​មិន​លះបង់​ ​(​ទិដ្ឋិ​អាក្រក់​)​ក្តី​។​ ​ពាក្យ​ថា​ ​តាម​ធម៌​ ​តាម​វិន័យ​ ​គឺ​តាម​ធម៌​ឯណា​ ​តាម​វិន័យ​ឯណា​។​ ​ពាក្យ​ថា​ ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ ​គឺ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​ជិនស្រី​ ​គឺ​តាម​ពុទ្ធសាសនា​។​ ​ដែល​ហៅថា​ ​មិន​អើពើ​ ​គឺ​ភិក្ខុ​មិន​អើពើ​នឹង​សង្ឃ​ក្តី​ ​គណៈ​ក្តី​ ​បុគ្គល​ក្តី​ ​កម្ម​ក្តី​។​ ​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ហើយ​ ​មិន​ហៅ​ចូលពួក​ ​ឈ្មោះថា​ ​ជា​ភិក្ខុ​ដែល​សង្ឃ​ជួយ​ជ្រោមជ្រែង​មិនបាន​។​ ​ដែល​ហៅថា​ ​មិន​មានការ​រួបរួម​ជាមួយនឹង​សង្ឃ​ ​គឺ​ភិក្ខុ​ទាំងឡាយ​ដែល​មាន​សំវាស​ស្មើគ្នា​ ​តថាគត​ហៅថា​ ​មានការ​រួបរួម​ជាមួយគ្នា​ ​ការ​រួបរួម​ជាមួយគ្នា​នោះ​ ​មិន​មាន​មួយអន្លើដោយ​ភិក្ខុ​ទាំងឡាយ​នោះ​ទេ​ ​ហេតុ​នោះ​ ​ភិក្ខុ​នោះ​ ​ទើប​តថាគត​ហៅថា​ ​ជា​ភិក្ខុ​មិន​មានការ​រួបរួម​ជាមួយនឹង​សង្ឃ​។​ ​ពាក្យ​ថា​ ​ប្រព្រឹត្ត​តាម​ភិក្ខុ​នោះ​ ​គឺ​ភិក្ខុ​នោះ​មាន​ទិដ្ឋិ​យ៉ាងណា​ ​មាន​សេចក្តី​ចូលចិត្ត​យ៉ាងណា​ ​មាន​សេចក្តី​គាប់ចិត្ត​យ៉ាងណា​ ​ភិក្ខុនី​នោះ​ ​ក៏​មាន​ទិដ្ឋិ​យ៉ាងនោះ​ ​មាន​សេចក្តី​ចូលចិត្ត​យ៉ាងនោះ​ ​មាន​សេចក្តី​គាប់ចិត្ត​យ៉ាងនោះ​ដែរ​។​
​(​១​)​ ​ដឹង​ថាត្រូវ​អាបត្តិ​ហើយ​ ​ៗ​មិន​សំដែង​អាបត្តិ​នោះ​។​
ថយ | ទំព័រទី ២៥ | បន្ទាប់