គព្ភិនីវគ្គ សិក្ខាបទទី៥
[៣៨០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់ស្រីគិហិគតា ដែលមានវស្សាមិនគ្រប់១២ឆ្នាំ។ ពួកភិក្ខុនីបួសថ្មីទាំងនោះអត់ទ្រាំមិនបាននឹងត្រជាក់ ក្តៅ ឃ្លាន ស្រេក សម្ផស្សរបោមមូសខ្យល់ កំដៅថ្ងៃ និងសត្វទីឃជាតិ (ពស់តូចពស់ធំ) ទាំងឡាយ មានជាតិជាអ្នកមិនអត់ធន់នឹងគន្លងពាក្យដែលបុគ្គលពោលមិនល្អ មានមកមិនល្អ និងវេទនាដែលប្រជុំក្នុងសរីរកើតឡើងនាំមកនូវសេចក្តីទុក្ខដ៏ក្លៀវក្លា រឹងក្រហាយផ្សារ មិនជាទីត្រេកអរ មិនគាប់ចិត្ត ជាទីនាំបង់នូវជីវិត។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់ស្រីគិហិគតា ដែលមានវស្សាមិនគ្រប់១២ឆ្នាំសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់ស្រីគិហិគតា មានវស្សាមិនគ្រប់១២ឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់ស្រីគិហិគតា មានវស្សាមិនគ្រប់១២ឆ្នាំទេ